តើអ្នកធ្លាប់ដឹងទេថាកង្វះគ្រាប់ឈាមក្រហម (Anemia) ក៏ជាជំងឺមួយដែរ!

27-11-2017 10:47 pm

គ្រាប់ឈាមក្រហមមានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹង ក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូន និងអង់ហ្ស៊ីមមួយចំនួន ដែលមាននៅក្នុងសរីរាង្គផ្សេងៗ។ កង្វះគ្រាប់ឈាមក្រហម គឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។



១) រោគសញ្ញា៖
- ស្លេកស្លាំងខុសពីធម្មតា
- ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
- ឧស្សាហ៍វិលមុខ ធីងធោង ឈឺក្បាល
- ហ៊ឹងត្រចៀក
- ស្រវាំងភ្នែក
- ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
- ដង្ហក់ ឆាប់ហត់ ខុសធម្មតា


២) មូលហេតុ៖
ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ៖
- ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន ។ល។
- ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
- ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សិត
- ចំពោះស្ត្រី អាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើអោយមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
- ស្ត្រីមានគភ៌
ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ៖
- ជំងឺខ្សោយខួរឆ្អឹងដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជាសំណ ថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗ ការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រជាពិសេសថ្នាំផ្សះ។
- កង្វះអាហាររូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
- ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
- ជំងឺខ្សោយតម្រងនោម (Kidney failure)
- ជំងឺមហារីកគ្រាប់ឈាម
- ជំងឺមហារីកផ្សេងៗ។


៣) ដំណោះស្រាយ៖
លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាម រឺករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៏ ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។
ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហមមិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាម រឺអោយថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងព្យាបាលទៅតាមមគ្គុទេសព្យាបាលជាសកល (Universal Guideline) ទើបអាចអោយអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។
“ រកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ ”

អត្ថបទទាក់ទង