ប្រាក់រង្វាន់៤៩៦លានរៀលរបស់​រដ្ឋាភិបាលត្រូវបានប្រគល់ជូនដល់កីឡាការិនី ប៉េតង់ឈ្នះមេដាយពិភពលោក

04-04-2018 2:00 pm

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបាន ផ្តល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់កីឡាការិនីប៉េតង់កម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ដែលឈ្នះមេដាយពីព្រឹត្តិការណ៍កីឡា ប៉េតង់នារីពិភពលោក នៅសា ធារណៈប្រជាមានិតចិន កាលពីចុងឆ្នាំ២០១៧កន្លងទៅ។



ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតប៉េតង់ពិភពលោក លើកទី១៦ នៅសាធារណៈរដ្ឋប្រជាមានិតចិន ដែលអត្តពលិកកម្ពុជាបានទៅចូលរួមនោះ ដំណើរការប្រកួត កាលពីថ្ងៃទី០៩ ដល់​​១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយកម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាការិនីចំនួន៦រូប ក្នុងនោះមាន លោកគ្រូ ម្នាក់ និងប្រតិភូម្នាក់ ការប្រកួតជើងឯកពិភព លោកនេះ មានប្រទេសចំនួន៤២មកពីបណ្តាលទ្វីបទំាង៥ហើយ អត្តពលិកកម្ពុជាដណ្តើមបាន មេដាយសរុបចំនួន០៥គ្រឿង មានមេដាយមាស១គ្រឿង និងសំរិទ្ធ៤គ្រឿង។



ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ថវិកាដែលរាជរដ្ឋាភិបាលផ្តល់ជូន ដល់ជ័យលាភី ហាក់មានការយឺតយ៉ាវបន្តិច ហើយសូមអត្តពលិកទាំងអស់យោគយល់អធ្យា ស្រ័យ ប៉ុន្តែថវិកាទាំងអស់នោះវាមិនបានបាត់បង់ទៅណានោះទេ គឺត្រូវប្រគល់ឱ្យគ្រប់ចំនួន នៅក្នុងពេលវេលាសមរម្យណាមួយ។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអត្តពលិក ដែលបានឈ្នះ ជ័យលាភីត្រូវខិតខំបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីនាំយកមេដាយពីការប្រកួតអន្តរ ជាតិមកជូនេជាតិលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនអត្តលពលិកសរុបចំនួន ៤៩៦លានរៀល។ ប្រាក់រង្វាន់ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង បូកនឹងមេដាយសំរឹទ្ធ១ ទទួលបានទឹកប្រាក់សរុបចំនួន ១៨៤លានរៀល។ គ្រូបង្វឹក លោក សុខ ម៉ុង ១២០លានរៀល, មេដាយសំរឹទ្ធ កីឡាការិនី អ៊ុក ស្រីមុំ ៦៤លានរៀល។ កីឡាការិនី អ៊ុន ស្រីយ៉ា ៦៤លានរៀល និងកីឡាការរិនី ស៊្រាង សុរ៉ាឃីម ៦៤លានរៀលដែរ៕

អត្ថបទទាក់ទង