សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់សេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរដោយមិនគិតថ្លៃ

03-04-2018 9:06 am

ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់សេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរដោយមិនគិតថ្លៃ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ មេសា ខាងមុខនេះ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការណ៍ សម្តេចតេជោ បានលើកឡើងថា កាលពីឆ្នាំមុនៗ សម្តេច បានអំពាវនាវសុំអោយក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ។ ដូច្នេះហើយ បានជាពេលនេះ សម្តេច បានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨។ 


សម្តេចតេជោ បានបញ្ជាក់ថា កាលសម្តេច ប្រកាសពីថ្ងៃអាទិត្យកន្លងទៅនេះ គឺគម្រោងដាក់តែ២ទិសទេ ។ ប៉ុន្តែថ្ងៃនេះ សម្តេច សូមប្រកាសថា បានត្រៀមឡានក្រុងដឹកជញ្ជូនបងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃនៅតាមផ្លូវជាតិមួយចំនួនដូចជាៈ ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង) ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។ 


សម្តេច ក៏បានប្រកាសថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋផងដែរ ហើយ នៅឆ្នាំក្រោយអាចនឹងបន្ថែមចំនួនឡានក្រុងច្រើនជាងឆ្នាំនេះទៀត។
សម្តេចតេជោ ក៏បានជូនពរបងប្អូនកូនក្មួយធ្វើដំណើរសុខសប្បាយតាមផ្លូវនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

អត្ថបទទាក់ទង